ភ្នំពេញ ៖ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ នៅចំការ សំបូរ-ប្ញទ្ធា ភូមិបឹងធំ១សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ មានរៀបចំកម្មវិធី អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្រោមអធិបតីភាព លោកស្រី អៀង ប្ញទ្ធា ភរិយាលោក ប៊ុន សំបូរ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី រួមដំណើរដោយ ក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងធំ និងមានការចូលរួមពីបងប្អូន លោកយាយ លោកតា ប្រជាពលរដ្ឋក្នុងសង្កាត់ លោកគ្រូ អ្នកគ្រូ ប្រមាណ ១០០០ នាក់ ។ ក្រោយពីបាន ស្តាប់របាយការណ៏ ស្វាគមន៏របស់ លោក មឿន អួន ចៅសង្កាត់បឹងធំរួចមក លោកស្រី អៀង ប្ញទ្ធា ប៊ុន សំបូរ បានមានមតិ សំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ ដោយបានពាំនាំនូវបណ្តាំសាកសួរ សុក្ខទុក ពីសំណាក់សម្តេចទាំងបី ជាថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរជានិច្ច នូវទុក្ខលំបាករបស់ប្រជាជន ជូនដល់អ្នកសង្កាត់បឹងធំ ទាំងអស់គ្នា។ លោកស្រីបានបន្ថែមទៀតថា ក្នុងនាម លោក ប៊ុន សំបូរ ដែលជាស្វាមី សូមផ្ញើនូវក្តីនឹករលឹក ស្រលាញ់ រាប់អាន ដល់អ្នកបឹងធំទាំងអស់គ្នា ហើយលោកសុំអធ្យាស្រ័យ ដែលមិនបានអញ្ជើញមកចូលរួម ដោយផ្ទាល់ដោយសារមាន បញ្ហាសុខភាព ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកបានផ្តាំផ្ញើ និងផ្តល់អនុសាសន៏ អោយរៀបចំកម្មវិធីនេះឡើង ព្រោះបាន អញ្ជើញបងប្អូន ប្រជាជនយើងរួចហើយ នេះសរបញ្ជាក់ថា ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរបស់គណបក្ស ប្រជាជនកម្ពុជា តែសន្យាហើយ គឺត្រូវតែធ្វើជូនប្រជាជន ហើយគ្រឿងអលង្កា របស់គណបក្សគឺ ការកសាង អំពើល្អ ដូច្នេះលោកស្រីជឿជាក់ថា បងប្អូនទាំងអស់គ្នា នឹងបន្តស្ថិតនៅជាមួយគណបក្ស ប្រជាជន ស្ថិតនៅជាមួយយើងខ្ញុំ ដើម្បីបន្តធ្វើអំពើល្អទៅទៀត ដើម្បីបងប្អូនកូនចៅរបស់យើងទាំងអស់គ្នា និងដើម្បីប្រទេសជាតិ កម្ពុជារុងរឿងរបស់យើងទាំងអស់គ្នា។ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ត្រូវនឹង គ.ស ២០១៤ នេះ លោកស្រី និងក្រុមគ្រួសារ បានរៀបចំនូវកម្មវិធី ប្រកួតរាំក្បាច់ប្រពៃណីខ្មែរដែលមាន ៣២ គូរ មកពី ១៦ ភូមិក្នុងសង្កាត់បឹងធំ ការចាប់ឆ្នោតផ្សងសំណាង ការទទួលទានអាហារសាមគ្គី ការលេងល្បែងប្រជាប្រិយ ការជូនវត្ថុអនុស្សាវរីយ៍ ដល់ប្រជាជនដែលបានចូលរួមចំនួន ៨២៣ គ្រួសារ៕

Comments

Post a Comment

Thanks for commenting ^_^